តើសិស្សថ្នាក់ទី១២ គួរត្រៀមខ្លួនបែបណាសម្រាប់ការប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ?

  ដើម្បីត្រៀមខ្លួនឱ្យបានល្អក្នុងការសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ប្អូនៗសិស្សានុសិស្ស គួរចេះរៀបចំផែនការ ឬកាលវិភាគឱ្យបានត្រឹមត្រូវ។ ក្នុងថ្នាក់វិទ្យាល័យ ការសិក្សាបែងចែកជាពីរថ្នាក់ មានដូចជាថ្នាក់វិទ្យាសាស្រ្តពិត និងថ្នាក់វិទ្យាសាស្រ្ដសង្គម។ ថ្នាក់វិទ្យាសាស្រ្ដពិត ការសិក្សាផ្ដោតច្រើនទៅលើការគណនា និងអនុវត្តន៍ជាក់ស្ដែង ដែលភាគច្រើនប្រើប្រាស់គណិតវិទ្យាក្នុងការដោះស្រាយ។ រីឯថ្នាក់វិទ្យាសាស្រ្ដសង្គម ភាគច្រើនសិក្សាទៅលើប្រវត្តិសាស្រ្ដ ឬសង្គមសាស្រ្ដជាដើម ដែលភាគច្រើនទាមទារឱ្យសិស្សានុសិស្សចង់ចាំ និយាយ និងសរសេរឱ្យបានច្រើន។

  ចំពោះថ្នាក់វិទ្យាសាស្រ្ដពិត សិស្សានុសិស្សភាគច្រើនប្រហែលមានទម្លាប់នៃការរៀនរបស់ខ្លួនឯងបានប្រសើរហើយ។ ដើម្បីជាជំនួយខ្លះៗ និងឱ្យប្អូនៗយកទៅពិចារណា ខ្ញុំសូមបង្ហាញពីវិធីសាស្រ្ដនៃការរៀនរបស់ខ្ញុំ មួយចំនួនដូចជា៖ ទី១ ក្នុងដំណាក់កាលពីរទៅបីដំបូង ខ្ញុំបានព្យាយាមរៀនជាមួយគ្រូ និងស្វ័យសិក្សា ឱ្យបានចប់មួយដងសិន។ ជាមួយគ្នានោះ ខ្ញុំបានអនុវត្តលំហាត់បណ្ដើរ ឬពេលខ្លះចម្លងរបៀបធ្វើ និងចម្លើយដែលមានក្នុងសៀវភៅ។ ក្នុងដំណាក់កាលនេះ ប្អូនកុំខ្វល់ថាប្អូនមិនចេះ ឬធ្វើមិនបាន សំខាន់ប្អូនបានអនុវត្ត និងមើលអត្រាកំណែគួបផ្សំផង។ 

  ដំណាក់កាលបីខែបន្ទាប់ ខ្ញុំបានរំលឹកលំហាត់ និងប្រឹងប្រែងស្ដាប់គ្រូ រួចសួរលោកគ្រូ អ្នកគ្រូឱ្យបង្ហាញផ្លូវបន្ថែម។ ក្នុងដំណាក់កាលនេះ ជឿជាក់ថាគ្រូគាត់បង្រៀនមិនទាន់ចប់ទេ ដូច្នេះហើយពីមុនមកយើងមករៀនរួចម្ដង យកកន្លែងដែលយើងមិនច្បាស់ មកសួរគ្រូបន្ថែម។ ពេលនេះ ប្អូនៗអាចធ្វើការសាកល្បងប្រលងដោយខ្លួនឯង ដោយតាមគម្រូដែលធ្លាប់ចេញប្រលង។ ពេលប្រលងខ្លួនឯង អាចមើលចម្លើយផង ធ្វើខ្លួនឯងផង។

  ដំណាក់កាលបីខែចុងក្រោយ គួរប្រលងសាកល្បងឱ្យបានញឹកញ៉ាប់ យ៉ាងហោចណាស់បានមួយមុខវិជ្ជាក្នុងមួយថ្ងៃ ដំណាក់កាលនេះ ប្រសិនបើមិនចេះ ក៏មិនគួរមើលចម្លើយដែរ ដោយរំលងចោល។ ក្រោយប្រលងរួច ចាំមើលកំណែកន្លែងខ្លួនឯងមិនចេះ ហើយសាកប៉ានស្មានពិន្ទុខ្លួនឯង ថាតើពិន្ទុជាប់ឬនៅ? ឬខ្លួនឯងធ្វើល្អហើយឬនៅ? ដំណាក់កាលនេះ ត្រូវយកកន្លែងដែលមិនចេះ ទៅសួរគ្រូលំអិតឱ្យបានច្បាស់។

  ជាចុងក្រោយកុំភ្លេច អនុវត្ដជាប្រចាំ៕

  

Comments